ក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS ដើម្បីធ្វើការកែសម្រួលបញ្ហាសុវត្ថិភាពដ៏សំខាន់មួយ

កាលពីព្រឹកមិញនេះក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់កម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ 15.2.1 ដើម្បីធ្វើការកែសម្រួលបញ្ហាសុវត្ថិភាពដែលអាចធ្វើឱ្យទូរសព្ទ iPhone ឈប់ដំណើរការ។ យោងតាមឯកសារផ្នែកសុវត្ថិភាពដែលបានផ្សព្វផ្សាយនៅក្នុងគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនបានបញ្ជាក់ថា ជាមួយនឹងភាពចន្លោះប្រហោងនេះ ជនខិលខូចអាចបង្កើតឈ្មោះសម្រាប់ប្រើជាមួយកម្មវិធី HomeKit ដែលមានប្រវែងវែង ដែលធ្វើឱ្យកម្មវិធីបន្តដំណើរការរហូតដល់ទូរសព្ទឈប់ដំណើរការទាំងស្រុង។

ការធ្វើបច្ចុប្បន្នភាពនេះបន្ទាប់ពីអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពកុំព្យូទ័របានធ្វើការផ្សព្វផ្សាយជាសាធារណៈទាក់ទងទៅនឹងភាពចន្លោះប្រហោងកាលពីដើមខែមករា ដោយសារតែក្រុមហ៊ុន Apple មិនបានធ្វើការកែសម្រួលបញ្ហា ទោះជាគាត់បានធ្វើការជូនដំណឹងទៅឱ្យក្រុមហ៊ុនតាំងពីខែសីហា ឆ្នាំ២០២១។ គួរបញ្ជាក់ផងដែរថា ទោះបីជាអ្នកប្រើប្រាស់មិនមានប្រើកម្មវិធី HomeKit ក៏ដោយ ក៏ជនខិលខូចនៅតែអាចធ្វើការវាយប្រហារដោយការក្លែងបន្លំស្នើសុំឱ្យបន្ថែមឧបករណ៍ណាមួយ។

ប្រសិនបើលោកអ្នកត្រូវបានរងគ្រោះជាមួយនឹងការវាយប្រហារនេះ លោកអ្នកត្រូវធ្វើការ កំណត់ទូរសព្ទឱ្យដូចភាពដើមឡើងវិញ (reset) ហើយលោកអ្នកនឹងបាត់បង់ទិន្នន័យដែលមាននៅក្នុងទូរសព្ទនោះ។ ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ទូរសព្ទ លោកអ្នកគួរតែធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS ឱ្យបានឆាប់រហ័សដើម្បីកែសម្រួលភាពចន្លោះប្រហោងនេះ៕