សហរដ្ឋអាមេរិក អះអាងជាថ្មីថាការទាមទារដែនអធិបតេយ្យភាពរបស់ចិន លើតំបន់សមុទ្រចិនខាងត្បូង គឺខុសច្បាប់

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានច្រានចោលរាល់ការទាមទារដែនអធិបតេយ្យភាព «ដោយខុសច្បាប់» របស់ចិន លើតំបន់សមុទ្រចិនខាងត្បូង មិនថាផ្អែកលើ មូលដ្ឋានភូមិសាស្ត្រ ឬប្រវត្តិសាស្ត្រនោះទេ។

ការអះអាងបែបនេះ ធ្វើឡើងនៅក្នុងរបាយការណ៍សិក្សាស្រាវជ្រាវមួយមានកម្រាស់ ៤៧ទំព័រ ចេញផ្សាយដោយការិយាល័យទទួលបន្ទុកិច្ចការមហាសមុទ្រ បរិស្ថានអន្តរជាតិ និងវិទ្យាសាស្ត្រ នៃក្រសួងការបរទេសអាមេរិកនៅថ្ងៃពុធសប្ដាហ៍នេះ និងចំពេលចិន និងអាមេរិកកំពុងប្រជែងដណ្ដើមឥទ្ធិពលគ្នារឹតតែខ្លាំង។

ដោយផ្អែកលើរបាយការណ៍ស្រាវជ្រាវរបស់ខ្លួន ការិយាល័យដដែលបាននិយាយថា ចិនគ្មានមូលដ្ឋានណាមួយដែលមានចែងនៅក្រោមច្បាប់អន្តរជាតិ ដើម្បីទាមទារ ដែនអធិបតេយ្យភាពដែលកំពុងបង្កជា ជម្លោះជាមួយហ្វីលីពីន, វៀតណាម និងបណ្ដាប្រទេសក្នុងតំបន់អាស៊ីគ្នេយ៍ដទៃទៀតនោះទេ។ ចំណែកឯ ការទាមទារ ដែនអធិបតេយ្យភាព ឬយុត្តាធិការផ្ដាច់មុខរបស់ចិនលើតំបន់សមុទ្រចិនខាងត្បូង គឺជាទង្វើខុសច្បាប់ និងបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ច្បាប់សមុទ្រ និងច្បាប់អន្តរជាតិ ដែលមានចែងនៅក្នុងអនុសញ្ញា។

អនុសញ្ញាដែលរបាយការណ៍នេះចង់សំដៅនោះគឺ អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ស្ដីពីច្បាប់សមុទ្រដែលត្រូវបានចិនផ្ដល់សច្ចាប័ន ខណៈសហរដ្ឋអាមេរិកមិនទាន់ផ្ដល់សច្ចាប័ននោះទេ។

ជាមួយការចេញផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវខាងលើ ក្រសួងការបរទេសអាមេរិកក៏បានអំពាវនាវជាថ្មីផងដែរឱ្យចិន បញ្ឈប់សកម្មភាពខុសច្បាប់ និងការសម្លុតគំរាមនៅក្នុងតំបន់សមុទ្រចិនខាងត្បូង៕

ប្រភព៖ Reuters