សមាជិកព្រឹទ្ធសភាអាមេរិក បក្សប្រជាធិបតេយ្យ ត្រៀមកញ្ចប់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ដើម្បីពង្រឹងសមត្ថភាពអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ក្រុមព្រឹទ្ធសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ នៅថ្ងៃពុធសប្ដាហ៍នេះ បានបង្ហើបពីសេចក្ដីព្រាងច្បាប់មួយ ដើម្បីដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលរុស្ស៊ី និងមន្ត្រីយោធា ក្នុងនោះរួមមានទាំងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងវិស័យធនាគារ ប្រសិនបើទីក្រុងម៉ូស្គូ ប្រើកម្លាំងយោធាវាយប្រហារលើ អ៊ុយក្រែន។

សេចក្ដីព្រាងច្បាប់ខាងលើ ដែលទទួលបានការគាំទ្រពីសេតវិមាន ក៏មានគោលដៅផ្ដល់ជំនួយនានា ក្នុងការជួយពង្រឹងសន្តិសុខរបស់អ៊ុយក្រែន និងលើកទឹកចិត្តឱ្យ សហរដ្ឋអាមេរិក ពិចារណាលើគ្រប់ជម្រើសទាំងអស់ដែលមានស្រាប់ ក៏ដូចជាចាត់វិធានការយ៉ាងសមស្រប ដើម្បីធានាឱ្យបានថាបំពង់ឧស្ម័ន Nord Stream 2 ពីរុស្ស៊ី ទៅអាល្លឺម៉ង់ នឹងមិនអាចដំណើរការទៅរួចឡើយ។

រុស្ស៊ីត្រូវបានបណ្ដាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ចោទប្រកាន់ថាបានដាក់ពង្រាយកងទ័ពជិត ១០០,០០០នាក់ នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន ដែលនេះអាចជាការត្រៀមលក្ខណៈបើកការវាយប្រហារក្នុងខែមករា ឬនៅដើមខែកុម្ភៈខាងមុខនេះ។ ទីក្រុងម៉ូស្គូបានច្រានចោលការចោទប្រកាន់បែបនេះមួយលើក ជាពីរលើក ដោយបញ្ជាក់ថាមិនមានផែនការវាយប្រហារលើប្រទេសដទៃណាមួយទេ តែត្រៀមខ្លួនជានិច្ចក្នុងការចាត់វិធានការឆ្លើយតបទៅនឹងរាល់ការគំរាមកំហែង ទាំងឡាយ៕

ប្រភព៖​​​​​​ Reuters