តើ ទឹកដាំពុះច្រើនដង ញ៉ាំហើយ “ប្រថុយនឹងរោគា” មែនឬ?

ផ្ទះអ្នកណាគេដែលនិយមដាំទឹកញ៉ាំ អាចដោយសារតែគ្មានម៉ាស៊ីនចម្រោះទឹក ឬក៏ជឿថា ការដាំទឹក នឹងជួយសម្លាប់មេរោគបាននោះ អាចនឹងមានអារម្មណ៍ភ័យខ្លាចបន្តិចបន្តួច នៅពេលបានឮព័ត៌មានថ្មីមួយថា នៅពេលដែលយើងញ៉ាំ​ទឹក ដែលដាំពុះច្រើនៗដង អាចប្រថុយប្រថាននឹងជំងឺផ្សេងៗបាន…។ តើការពិតយ៉ាងណា ថ្ងៃនេះ យើងមានចម្លើយមកជម្រាបជូន។

 

ញ៉ាំទឹកដែលដាំពុះច្រើនដង អាច “ប្រថុយនឹងរោគា” មែនឬ?

អ្នកវិទ្យាសាស្រ្ត ដែលជំនាញខាងចំណីអាហារ និងថ្នាំ បានបញ្ជាក់ប្រាប់ពីការយកទឹកឆៅ ចេញពីក្បាលរ៉ូប៊ីណេ(ទឹកម៉ាស៊ីន) មកដាំឱ្យពុះច្រើនៗដង ដោយមិនប្ដូរទឹកថ្មីនោះ ដូចតទៅ ៖

“តាមដែលមានការផ្សព្វផ្សាយព័ត៌មានថា ការយកទឹកចេញពីក្បាលរ៉ូប៊ីណេ មកដាំឱ្យពុះច្រើនៗដង ដោយមិនប្ដូរទឹកថ្មីនោះ នឹងធ្វើឱ្យសារធាតុ ស៊ីលវើរណៃត្រេត ក្នុងទឹកម៉ាស៊ីននោះ ក្លាយទៅជាសារធាតុ ស៊ីលវើណៃត្រៃត៍ ដែលបង្កគ្រោះថ្នាក់ដល់រាងកាយ។ សូមជម្រាបថា រឿងនេះ មិនមែនជារឿងពិតឡើយ ព្រោះនៅក្នុងទឹកម៉ាស៊ីនគ្មានសារធាតុ ស៊ីលវើរណៃត្រេត នេះទេ ហើយការដាំទឹកឱ្យពុះ ក៏មិនធ្វើឱ្យសារធាតុ ស៊ីលវើរណៃត្រេត ប្រែទៅជា ស៊ីលវើរណៃត្រៃត៍ ដែរ”។

 

តែយ៉ាងណា អ្នកវិទ្យាសាស្រ្តជំនាញ បានបញ្ជាក់ថា បើសិនជាចង់ប្រើវិធីដាំទឹកឱ្យពុះ មុនយកមកញ៉ាំ ឬចម្អិនអាហារនោះ អ្នកខាងចំណីអាហារ និងថ្នាំ បានណែនាំដូចតទៅនេះ៖

 

“ការប្រើឆ្នាំង ឬកំសៀវដាំទឹកម៉ាស៊ីន បើមានការប្ដូរទឹក (មិនដាំទឹក ដែលធ្លាប់ពុះម្ដងហើយ) និងលាងសម្អាតឆ្នាំង ឬកំសៀវជាប់ជាប្រចាំ នឹងធ្វើឱ្យយើងប្រាកដក្នុងចិត្តបានថា នឹងមិនកើតមានការប្រមូលសន្សំកំណកកករ របស់វត្ថុកខ្វក់ ដែលអាចនឹងប្រឡូកប្រឡាក់ មកនៅក្នុងទឹកនោះបានឡើយ”។

 

ដាំទឹកឱ្យពុះច្រើនៗដង មានគ្រោះថ្នាក់ឬទេ?

ទោះជាមិនបានមានជាតិពុលពី ស៊ីលវើរណៃត្រៃត៍ ក៏ពិតមែន តែការដាំទឹកពុះ រួចទុកចោលរហូតដល់ត្រជាក់ ហើយដាំឱ្យពុះ តទៀតជាច្រើនដង ដូចអ្នកដែលប្រើកំសៀវដាំទឹកដើម្បីឆុងតែ ឬកាហ្វេនោះ វេជ្ជបណ្ឌិតជំនាញបានផ្ដល់ព័ត៌មានថា ៖

“បើទឹក ដែលលោកអ្នកយកមកដាំនោះ ជាទឹកធម្មជាតិ ដូចជា ទឹកអណ្ដូង ទឹកស្ទឹងទន្លេ ឬទឹកម៉ាស៊ីន ដែលមានជាតិអាស៊ីតក្នុងឆ្នាំង ឬកំសៀវលោហៈនោះ បើសិនជាដាំច្រើនៗដង ក៏នឹងរឹតតែធ្វើឱ្យទឹកនោះត្រូវបានរម្ងាស់ខ្លាំង និងកើតជាដុំរឹងៗ តូចៗ តោងជាប់នៅក្នុងកំសៀវ ឬហៅថា កំណកកំបោរធ្លាក់មកលាយឡំនៅក្នុងទឹកច្រើនឡើង រួមទាំង “ទឹករ៉ែ” បែបដែលអ្នកមានលុយចូលចិត្តនាំគ្នាញ៉ាំ ព្រោះគិតថា ស្អាតបរិសុទ្ធនោះ ក៏ត្រូវតែប្រយ័ត្នដែរ ព្រោះដាំយូរៗទៅ ក៏នឹងបានកំណកកំបោរដូចគ្នា”

 

“ដូច្នេះហើយទើបយើងមិនគួរញ៉ាំទឹក ដែលដាំពុះច្រើនដងនោះទេ។ វិធីដែលល្អ គួរដាំទឹកក្នុងម្ដងៗ ឱ្យល្មមតែសម្រាប់ញ៉ាំបានហើយ និងចាំបាច់ត្រូវចាក់ទឹកចាស់ចោល និងប្ដូរទឹកថ្មីគ្រប់ពេលនោះទេ បើត្រូវការដាំទឹកឱ្យពុះជាថ្មី។ សម្រាប់កំសៀវដាំទឹក ដើម្បីឆុងកាហ្វេ ក៏មិនគួរដាក់ចោលនៅលើភ្លើងឱ្យទឹកពុះជាប់រហូតដែរ ព្រោះអាចធ្វើឱ្យសារធាតុកំណកដែក រលាយធ្លាក់ចូលមកក្នុងទឹកបាន និងឧស្សាហ៍បើកគម្របកំសៀវមើលផង បើឃើញមានកំណកកំបោរ គួរលាងសម្អាតចេញភ្លាម”៕