កម្លាំងជំនាញ ចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសំអាង DMLN ក្រោយទទួលពាក្យបណ្ដឹង ជនរងគ្រោះ

សមត្ថកិច្ច ជំនាញ​​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ​ក្រសួង​មហាផ្ទៃ​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​លក់​គ្រឿងសំអាងមួយកន្លែង ជា​ផលិតផលប្រ៊េន DMLN ​នៅ​ផ្ទះ​លេខ៤៧២ ផ្លូវ​លេខ​ដោនថោន៧ ភូមិ​គោកចំបក់ សង្កាត់ចោមចៅទី១ ​ខណ្ឌពោធិ៍​សែនជ័យ រាជ​ធានីភ្នំពេញ​ ក្រោយ​ទទួល​ពាក្យ​បណ្ដឹង​ជនរងគ្រោះ ​ប្រើ​ប្រាស់​រង​ផល​ប៉ះពាល់​ដល់​ស្បែក​​។

ផលិត​​ផល​ប្រ៊េន DMLN ដែល​គេ​​ដឹង​ថា ជា​របស់​​អ្នក​ស្រី​ ដេត​​ ម៉ាលី​ណា​ អតីត​ប្រពន្ធ​លោក ឌួង ឆាយ ​ត្រូវ​បាន​​សមត្ថកិច្ច​​បើក​ប្រតិបត្តិការ​ឆ្មក់​នៅវេលាម៉ោង០៣រសៀលថ្ងៃទី១២ ខែ​មករា ឆ្នាំ២០២២។​

កម្លាំង​ជំនាញ​បាន​បញ្ជាក់​ការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​ក្រោយ​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ជនរងគ្រោះ​ដែល​កន្លង​មកបានប្រើប្រាស់ផលិតផល ធ្វើ​ឲ្យ​មាន​រង​ផលប៉ះពាល់ដល់រាងកាយ​ និង​ស្បែក​ជាដើម​ ខណៈ​ម្ចាស់ប្រ៊េន ផលិតផល DMLN មានឈ្មោះ ដេត ម៉ាលីណា។

យ៉ាង​ណា​ក្រោយ​ប្រតិបត្តិការ​កម្លាំង​សមត្ថកិច្ច មិន​បាន​ធ្វើ​ការ​ដក​ហូត​សម្ភារៈ​វត្ថុ​តាង​យក​ទៅ​នោះ​ទេ​ និង​បាន​ដក​កម្លាំង​ទៅ​វិញ​​៕