អង្គភាពការពារកុមារ (CPU) ប្រើឆ្កែជំនាញរយៈពេល ២ម៉ោង ក្នុងការស្វែងរកសាកសពកុមារម្នាក់ ដែលបាត់ខ្លួនរយៈពេល២ថ្ងៃ

កំពង់ឆ្នាំង៖ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង១០ព្រឹក នារីម្នាក់រស់នៅឃុំឆ្នុងទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានរាយការណ៍អំពីការបាត់ខ្លួនរបស់កូនប្រុសអាយុ ៣ឆ្នាំ ពីមុខផ្ទះរបស់ខ្លួន។ ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងអ្នកភូមិបាននាំគ្នាស្វែងរកកុមារដែលបាត់ខ្លួននោះ តែមិនទទួលបានជោគជ័យទេ។

ក្នុងករណីនេះ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ អង្គភាពការពារកុមារ (CPU) បានទទួលដំណឹងពីការបាត់ខ្លួននេះ ហើយបានបញ្ជូនកម្លាំងក្រុមការងារស៊ើបអង្កេត និងកម្លាំងសុនខ(ឆ្កែ)ជំនាញ ដើម្បីផ្តល់ជំនួយបន្ថែមក្នុងការស្វែងរក។ ក្នុងរយៈពេល ២ម៉ោង សុនខជំនាញបានតាមដានក្លិនទៅដល់ប្រឡាយទឹកមួយ ដែលមានចម្ងាយប្រហែល ៤០០ម៉ែត្រ ពីទីតាំងដែលគេបានឃើញកុមារបាត់ខ្លួនជាលើកចុងក្រោយ។

បន្ទាប់មកអ្នកជំនាញ បានស្នើរសុំជំនួយពីប្រជាពលរដ្ឋ និងយកសម្ភារបូមទឹក ដើម្បីបូមទឹកប្រឡាយចេញ។ ២០នាទីក្រោយ សាកសពរបស់កុមារអាយុ ៣ឆ្នាំ ត្រូវបានរកឃើញ ហើយអង្គភាពការពារកុមារ (CPU) បានបញ្ជូនក្រុមការងារបច្ចេកទេសវិទ្យាសាស្ត្រ (FST) ទៅកន្លែងកើតហេតុភ្លាមៗ ដោយក្នុងកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិ បានធ្វើកោសវិច័យទៅលើសាកសពរបស់ក្មេងនោះ។ ពេលដែលការពិនិត្យត្រូវបានបញ្ចប់ ក្រុមការងារទាំងអស់បានធ្វើការពិភាក្សាជាមួយមន្ត្រីស៊ើបអង្កេត និងមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង។ ចំពោះមូលហេតុនៃការស្លាប់ជាក់ស្តែងត្រូវបានរកឃើញថា ដោយការលង់ទឹកចៃដន្យ៕

អង្គភាពការពារកុមារ (CPU) ប្រើឆ្កែជំនាញរយៈពេល ២ម៉ោង ក្នុងការស្វែងរកសាកសពកុមារម្នាក់ ដែលបាត់ខ្លួនរយៈពេល២ថ្ងៃ