មនុស្ស ២៦នាក់ ស្លាប់ក្នុងគ្រោះរញ្ជួយដីនៅអាហ្វហ្កានីស្ថាន

(ហឺរ៉ាត)៖ មនុស្សយ៉ាងហោច ២៦នាក់ បានស្លាប់ដោយសារតែគ្រោះរញ្ជួយដីកម្រិត ៥.៣រ៉ិចទ័រ ដែលបានវាយប្រហារលើតំបន់ភាគខាងលិច ប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

អ្នកនាំពាក្យនៃអាជ្ញាធរខេត្ត Badghis លោក Baz Mohammad Sarwary បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថាជនរងគ្រោះខាងលើ ដែលរស់នៅក្នុងស្រុក Qadis បានស្លាប់ នៅពេលដំបូងផ្ទះរបស់ពួកគេបាក់សង្កត់។

ក្នុងចំណោមមនុស្សស្លាប់ទាំង ២៦នាក់ មានស្ត្រី ៥នាក់ និងកុមារ ៤នាក់ ហើយ៤នាក់ផ្សេងទៀតបានរងរបួស។

ស្រុក Qadis គឺជាតំបន់រងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់អាហ្វហ្កានីស្ថាន ដោយក្នុងរយៈពេល ២០ឆ្នាំមកនេះ ក៏បានទទួលជំនួយតិចតួចបំផុតពីអន្តរជាតិផងដែរ៕