ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងសម្រេចបានរហូតដល់៧០ភាគរយ នៅក្នុងឆ្នាំ២០២២នេះ

នៅក្នុងកិច្ចប្រជុំ ស្ដីពីវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិ សៀមរាបថ្មី កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានតម្រង់ទិស បានមាន ប្រសាសន៍ថា នៅឆ្នាំ២០២១កន្លងទៅ ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ដែលអនុវត្តន៍ដោយក្រុមហ៊ុនអង្គរអ៊ីនធឺណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន ( ខេមបូឌា) មានការវិវត្តទៅមុខគួរឱ្យកត់សម្គាល់ បើទោះបីជាប្រឈមមុខជាមួយការរាតត្បាត ជាសកលនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១ក្ដី។

ឯកឧត្ដមបានបន្តថា ក្នុងឆ្នាំ២០២២ ខាងមុខ តាមការវាយតម្លៃ លើការងារសាងសង់ ជារួមរបស់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងសម្រេចបានរហូតដល់៧០ភាគរយ ទន្ទឹមនោះក្រុមការងារ ក៏នឹងត្រៀមក្រុមប្រតិបត្តិមួយ ដើម្បីត្រៀមផ្ទេរសកម្មភាពការងារទាំង អស់មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ។ ឯកឧត្តម ក៏បានថ្លែងអំណរ គុណដល់ ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសថ្នាក់ដឹកនាំខេត្តសៀមរាប ដែលបាន ចូលរួមយ៉ាងសកម្ម ដើម្បីសម្រេចលទ្ធផលនៅពេលនេះ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ការសាងសង់អាកាស យានដ្ឋាននេះ គឺជាការរួមចំណែកសម្រាប់អនាគតថ្មីនៃព្រះរាជាណាចក្រកម្ពុជា។ នេះជា សមិទ្ធផលមួយនៃកិច្ចសហប្រតិបត្តិការដ៏សំខាន់ រវាងកម្ពុជា-ចិន និងបាន បង្ហាញពីការខិតខំ ប្រឹងប្រែងយ៉ាងសកម្មនៃប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចដំណើរការ គម្រោង ខ្សែក្រវាត់មួយ ផ្លូវមួយ ជាមួយនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ការសាង សង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ ត្រូវបានចាត់ទុកជា និមិត្តរូបនៃចំណង មិត្តភាពកម្ពុជានិងចិន ។

ឯកឧត្តមបន្តថា ឥឡូវនេះរាជដ្ឋាភិបាលកម្ពុជាបានបើកប្រទេសឡើងវិញ បន្ទាប់ពី សម្ដេចតេជោ សម្រេចឱ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដល់ មនុស្សដែលមានអាយុចាប់ពី៥ឆ្នាំឡើង និងបានធ្វើឱ្យស្ថានភាពជំងឺកូវីដ-១៩ មានធូរស្រាល ជាងមុន ព្រមទាំងមានជើងហោះហើរពីសាំងហ្គាពួរអ៊ែរឡាញ បានចុះចត ខេត្តសៀមរាបយើង បានដំណើរការឱ្យវិស័យទេសចរណ៍អន្តរជាតិឡើងវិញ។ ដូច្នេះសង្ឃឹមថា វិស័យទេស ចរណ៍ក្នុងខេត្តសៀមរាប កាន់តែប្រសើរឡើង ក្នុងនោះការបើកព្រលាន យន្ដហោះអន្តរជាតិថ្មី និងបង្កភាពងាយស្រួល និងប្រសើរឡើង។

លោក LU WEI ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសយានដ្ឋានសៀមរាប-អង្គរ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២២នេះ គឺជាឆ្នាំសាងសង់យ៉ាងមមាញឹក និងឆ្នាំចាប់ផ្តើម ការត្រៀមដាក់ឱ្យដំណើរការប្រតិបត្តិរបស់គម្រោង ក្រោមការយកចិត្តទុកដាក់ និងគាំទ្រពី សំណាក់រដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការសម្របសម្រួល និងការណែនាំ ពីក្រសួងស្ថាប័នពាក់ព័ន្ធ។ លោកសង្ឃឹមថា ព្រលានយន្ដហោះអន្តរជាតិ សៀមរាប-អង្គរ អាចនឹងដំណើរការនៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ។

សូមបញ្ជាក់ថា ទីតាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ ស្ថិតនៅក្នុង ឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអរង្គវត្ត ដែលធានាបានថា ការហោះហើរនិងចុះចត មិនមានផលអវិជ្ជមាននៃប្រតិបត្តិការរបស់អាកាសយានដ្ឋានចំពោះប្រាសាទអង្គរវត្ត និង សំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ។ អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់ 4E មានផ្លូវរត់ ប្រវែង៣.៦០០ម៉ែត្រ និងទទឹងប្រវែង ៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃ ស្ថានីយអ្នកដំណើរជាង៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំ ប្រមាណជា ៧លាននាក់ ស្ថិតក្រោមកិច្ចព្រមព្រៀង BOT រយៈពេល៥៥ឆ្នាំ ដែលក្រោយពេល ប្រតិបត្តិការ ត្រូវបានបញ្ចប់ គម្រោងនេះនឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា ៕