សហរដ្ឋអាមេរិក នៅតែជឿថារុស្ស៊ីនឹងប្រើកម្លាំងយោធាលើអ៊ុយក្រែន នៅពាក់កណ្ដាលខែកុម្ភៈ

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ជឿជាក់ថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានផែនការប្រើកម្លាំងយោធាវាយប្រហារលើអ៊ុយក្រែន នៅពាក់កណ្ដាលខែកុម្ភៈខាងមុខនេះ បើទោះជាទីក្រុងម៉ូស្គូ បដិសេធការចោទប្រកាន់បែបនេះក៏ដោយ។ នេះបើតាមអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman

ថ្លែងនៅក្នុងវេទិកាមួយ នៅថ្ងៃពុធសប្ដាហ៍នេះ លោកស្រី Wendy Sherman បានបញ្ជាក់ថា «ខ្ញុំមិនដឹងថាគាត់ (លោក ពូទីន) បានសម្រេចចិត្តរួចហើយ ឬក៏យ៉ាងណានោះទេ ប៉ុន្តែភស្តុតាងជាច្រើនបានបង្ហាញកាន់តែច្បាស់ថាគាត់អាចនឹងប្រើកម្លាំងយោធា ចាប់ពីពេលនេះតទៅ ឬនៅពាក់កណ្ដាល ខែកុម្ភៈខាងមុខ»។

លោកស្រី Wendy Sherman បន្ថែមថាសហរដ្ឋអាមេរិកនឹងបន្តជំរុញការដោះស្រាយបញ្ហាតាមយន្ដការការទូត ប៉ុន្តែព្រមពេលជាមួយគ្នា ក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ សម្រាប់សេណារីយ៉ូអាក្រក់ណាមួយ៕

ប្រភព៖​​​​​​ Reuters