មន្ដ្រីជំនាញរឹបអូសគ្រឿងសមុទ្រជាង ៦០គីឡូ បន្ទាប់ពីពិនិត្យឃើញមានផ្ទុកសារធាតុគីមី

ភ្នំពេញ៖ មន្ដ្រីក្រសួងពាណិជ្ជកម្ម បានរឹបអូសមឹកប្រមាណ ៦៨គីឡូក្រាមពីឈ្មួញលក់ដូរនៅតាមបណ្តោយផ្លូវត្រឡោកបែក បន្ទាប់ពីពិនិត្យមើលឃើញថា គ្រឿងសមុទ្រទាំងនេះ មានផ្ទុកសារធាតុគីមីហាមឃាត់ ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកបរិភោគ។

លោក ហេង មាលី ប្រធាន​សាខា​កាំកុងត្រូល​រាជធានីភ្នំពេញ បានថ្លែងថា មន្ដ្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយ​មន្ទីរពាណិជ្ជកម្ម​រាជធានីភ្នំពេញ និងមន្រ្តីមូលដ្ឋានបានប្រតិបត្តិការចុះត្រួតពិនិត្យផលិតផលទំនិញ ម្ហូបអាហារ ផលិត​ផលប្រើប្រាស់ ដោយប្រើប្រាស់រថយន្តពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ លក់ដូរគ្រឿងសមុទ្រ នៅតាមបណ្តោយផ្លូវត្រឡោកបែក ​និងអូរបែកក្អម​ ដើម្បីចៀសវាងការខាតបង់ផលប្រយោជន៍ និងអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ជាដើម។

លោក បានឲ្យដឹងថា៖ «ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានស្រង់យកគំរូបានចំនួន ៤៨ មក​វិភាគ​នៅរថយន្តពិសោធន៍។ ជាលទ្ធផលបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់ចំនួន ៣គំរូ ជាប្រភេទមឹកបកធំ​ ត្រូវបានដកហូតចំនួន ៦៨គីឡូក្រាម និងទំនិញខូចគុណភាពហួស​កាល​បរិច្ឆេទចំនួន ៩គីឡូក្រាមជាមួយវិធានពិន័យអន្តរការណ៍»។

មន្ត្រី​កាំកុងត្រូល​រូប​នេះ បានបញ្ជាក់ថា ​មន្ត្រី​កាំកុងត្រូល​គ្រប់សាខារាជធានី-ខេត្ត នឹងបន្តចុះអនុវត្ត​ជាប្រចាំការ​ត្រួតពិនិត្យផលិត​ផល​ និង​ទំនិញ​តាមបណ្តាទីផ្សារ ​ហាងលក់ទំនិញ កន្លែងលក់​ទំនិញ​នៅតាមទីសាធារណៈនានា ​ដោយអនុវត្តតាមតួនាទីភារកិច្ច ​ដែលច្បាប់បានផ្តល់អាណត្តិ ​ពាក់ព័ន្ធ​នឹង​គុណភាពសុវត្ថិភាព​ទំនិញ និងសេវាកម្ម និងកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីការពារ​សុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ជាដើម។

យ៉ាងណាក៏ដោយ លោក ហេង មាលី ​បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ​ ក៏ដូចជាអាជីវករ ចូលរួម​សហការផ្តល់ព័ត៌មាន​ ក្នុងករណីមានការ​សង្ស័យ​ពាក់ព័ន្ធ​ការ​ក្លែងបន្លំ​គុណភាព​ សុវត្ថិភាព ទំនិញ និងសេវាកម្ម​ជាដើមនោះ៕