លោក ចូ បៃដិន ប្រាប់លោក ហ្សេឡិស្គី ថារុស្ស៊ីអាចនឹងប្រើកម្លាំងយោធាលើអ៊ុយក្រែន នៅខែកុម្ភៈខាងមុខ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេឡិនស្គី (Volodymyr Zelensky) បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះស្ដីពីស្ថានការណ៍តានតឹងបច្ចុប្បន្ន ឯតំបន់ព្រំដែនអ៊ុយក្រែនជាមួយព្រមានផងដែរថារុស្ស៊ីអាចនឹង បើកការវាយប្រហារលើអ៊ុយក្រែន នៅក្នុងខែកុម្ភៈខាងមុខ។

យ៉ាងណាក៏ដោយ បើតាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយសេតវិមាន, លោក ចូ បៃដិន បានអះអាងឡើងវិញពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះ អ៊ុយក្រែន ក្នុងនោះរួមមានទាំងការគាំទ្រដល់សេដ្ឋកិច្ចអ៊ុយក្រែន។

បន្ថែមពីលើនេះ ទីក្រុងវ៉ាស៊ីនតោន នៅតែគាំទ្រចំពោះការដោះស្រាយជម្លោះនៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន តាមកិច្ចចរចា ទូត Normandy Format ដែលជាយន្ដការការទូតមួយត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៤ រវាងបារាំង អាល្លឺម៉ង់ រុស្ស៊ី និងអ៊ុយក្រែន៕

ប្រភព៖ Reuters