អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ផ្នែកខាងត្បូងនៃស្ពានហាល

កាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ផ្នែកខាងត្បួងនៃស្ពានហាល ត្រូវបានបញ្ចប់ការងារជួសជុល ក្នុងដំណាក់កាលទី០១ ដោយអ្នកជំនាញនៃអាជ្ញាធរអាជ្ញាធរជាតិអប្សរា។

លោក ម៉ៅ សុខនី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបានឱ្យដឹងថា គម្រោងលើកតម្លៃសំណង់បុរាណ និងលើកកម្ពស់សោភ័ណភាពច្រាំងកសិន្ធុផ្នែកខាងត្បួង នៃស្ពានហាល ត្រូវបានបញ្ចប់ការងារជួសជុលជាស្ថាពរ ដោយដំណើរការជួសជុល បានចាប់ផ្តើមតំាងពីអំឡុងកញ្ញា ឆ្នាំ២០២១មក។ លោកបន្តថា ក្រោយពេលបញ្ចប់ការងារជួសជុលពង្រឹងរចនាសម្ព័ន្ធ ក្នុងដំណាក់កាលទី០១នេះ ក្រុមការងាររំពឹងថា នឹងធ្វើឱ្យកាំជណ្តើរច្រាំងកសិន្ធុ មានភាពរឹងមាំយូរអង្វែងបន្តទៅមុខទៀត ព្រោះថាបើសិនមិនមានការជួសជុលពង្រឹងទេ នាពេលខាងមុខ កាំជណ្តើរនៅតាមផ្នែកខ្លះ នឹងរលួសធ្លាក់ជាផ្ទាំងធំៗ មិនងាយស្រួល នឹងធ្វើការជួសជុលឡើយ។

សូមជម្រាបផងដែរថា គម្រោងជួសជុលពង្រឹងរចនាសម្ព័ន្ធកាំជណ្តើរច្រាំងកសិន្ធុផ្នែកខាងត្បូង នៃស្ពានហាល បានចែកចេញជា៣ដំណាក់កាលធំៗ ក្នុងប្រវែងសរុប២០០ម៉ែត្រ ដោយប្រើប្រាស់ពេលវេលាជួសជុលចំនួន០៣ឆ្នាំ ទើបរួចរាល់ ដោយក្នុងដំណាក់កាលទី១ ធ្វើការងារជួសជុលក្នុងប្រវែង៨០ម៉ែត្រ៕