កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក និងជាលើកទី៧ ក្នុងខែមករានេះ

(សេអ៊ូល)៖ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ទៅកាន់តំបន់សមុទ្រនៃឆ្នេរភាគខាងកើតរបស់ខ្លួននៅថ្ងៃអាទិត្យនេះ និងដែលអាច ក្លាយជាការធ្វើតេស្ដមីស៊ីលលើកទី៧ នៅក្នុងខែមករានេះ ខណៈអ្នកជំនាញអះអាងថាវាអាចជាការធ្វើតេស្ដមីស៊ីលរយៈចម្ងាយឆ្ងាយជាលើកដំបូងបំផុត ចាប់តាំងពីឆ្នាំ២០១៧មក។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន យោធាកូរ៉េខាងត្បូងបានឱ្យដឹងថាមីស៊ីលបាលិស្ទីគខាងលើ ត្រូវបានកូរ៉េខាងជើងបាញ់សាកល្បងនៅម៉ោង ៧៖៥២នាទី ព្រឹកមិញនេះ (ម៉ោងនៅក្នុងតំបន់) ចេញពីខេត្តចាហ្គំាង (Jagang) ឆ្ពោះទៅកាន់តំបន់សមុទ្រនៃឆ្នេរភាគខាងកើតនៃប្រទេស។

ដោយឡែក បើតាមនាយកខុទ្ទការល័យរដ្ឋាភិបាលជប៉ុន លោក Hirokazu Matsuno មីស៊ីលដែលកូរ៉េខាងជើងបានតេស្ដ ត្រូវបានក្រុមអ្នកជំនាញវាយតម្លៃថា បានហោះដល់រយៈកម្ពស់ ២,០០០គីឡូម៉ែត្រ និងហោះបានរយៈពេល៣០នាទី ព្រមទាំងធ្លាក់នៅ ចម្ងាយ ៨០០គីឡូម៉ែត្រ ពីទីតាំងបាញ់ចេញ។

ម្យ៉ាងវិញទៀត ប្រសិនជាការធ្វើតេស្ដមីស៊ីល នេះត្រូវបានកូរ៉េខាងជើងទទួលស្គាល់មែន នោះវានឹងក្លាយជាការធ្វើតេស្ដមីស៊ីលជាលើកទី៧ នៅក្នុងខែមករានេះ បន្ទាប់ពីលោក គីម ជុងអ៊ុនប្ដេជ្ញាចិត្តបន្ត ការអភិវឌ្ឍ និងពង្រឹងសមត្ថភាពយោធា៕

ប្រភព៖ Reuters