អាមេរិក-អង់គ្លេស ព្រមានដាក់ទណ្ឌកម្មរុស្ស៊ី ឱ្យចាស់ដៃ បើហ៊ានវាយអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានព្រមានជាថ្មីថាខ្លួននឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុតប្រឆាំងនឹងរុស្ស៊ី ខណៈទីក្រុងវ៉ាស៊ីនតោន ព្រមទាំងសម្ពន្ធមិត្ត NATO កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងកុំឱ្យទីក្រុងម៉ូស្គូប្រើកម្លាំងយោធាលើអ៊ុយក្រែន។

ការភ័យខ្លាចពីការផ្ទុះសង្រ្គាមនៅតែមានដដែល បើទោះជារុស្ស៊ីអះអាងថាខ្លួនគ្មានផែនការប្រើកម្លាំងយោធាលើអ៊ុយក្រែន ក៏ដោយ ស្របពេលកងទ័ពរុស្ស៊ីជាង ១សែននាក់ នៅតែបន្តឈរជើងនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន រីឯ NATO កំពុងបង្កើនការដាក់ពង្រាយកងទ័ព និងសព្វាវុធ ទៅកាន់តំបន់អឺរ៉ុបខាងកើត។

អនុរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក លោកស្រី Victoria Nuland បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅទៀតថារុស្ស៊ីចាប់អារម្មណ៍នឹងសំណើដែលបានស្នើ ក្នុងនោះរួមមានទាំងកិច្ចចរចាថ្មីមួយនៅក្នុងសប្ដាហ៍នេះរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី។

ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss ក៏បានឱ្យដឹងដែរថាចក្រភពអង់គ្លេស អាចនឹងបញ្ចេញច្បាប់ដាក់ទណ្ឌកម្ម នៅក្នុងសប្ដាហ៍នេះ ដោយមានគោលដៅលើវិស័យសេដ្ឋកិច្ចជាច្រើនរបស់រុស្ស៊ី៕

ប្រភព៖​​​​​​ AFP

Facebook Notice for EU! You need to login to view and post FB Comments!