ត្រឹមតែពីរថ្ងៃ ក្នុងខែមករានេះ! នៅទូទាំងប្រទេសទទួលបាន ភ្ញៀវទេសចរជាង ២១ម៉ឺននាក់

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីស្ថិតិភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ដោយទទួលបានភ្ញៀវទេសចរ សរុបចំនួន ២១៤,៦៣៣នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២០២,៧០៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១១,៩២៩នាក់។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា គោលដៅទេសចរណ៍ សំខាន់ៗ រួមមាន ខេត្តព្រះសីហនុ ៥៧,៨២៣ នាក់, រាជធានីភ្នំពេញ ៣៤,០៦៥ នាក់ ខេត្តពោធិ៍សាត់ ២០,០១៤ នាក់, ខេត្តបាត់ដំបង ១៦,៧៨៣ នាក់, ខេត្តសៀមរាប ១៦,៥៤៦ នាក់,ខេត្តកំពត ១៣,៧០៨ នាក់ ។

សរុបរយៈពេលពេញមួយខែមករា ដើមឆ្នាំ២០២២នេះ ដោយរាប់ទាំងបុណ្យឆ្លងឆ្នាំសកលផង មានភ្ញៀវទេសចរប្រមាណ ៣,១៥៨,៥៣៧នាក់ ដែលបានដើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ដែលអាចចាត់ទុកថាជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញដ៏ឆាប់រហ័សនៃវិស័យទេសចរណ៍ផ្ទៃ ក្នុងសម្រាប់ឆ្នាំ២០២២នេះ។

ប្រជាពលរដ្ឋដែលជាប់សែស្រឡាយចិន បានត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីប្រជាជនចិន ដែលនឹងប្រារព្ធទៅចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ក៏ដូចជាធ្វើដំណើរកម្សាន្តនានាទូទាំងប្រទេស បើទោះបីពុំមានថ្ងៃឈប់សម្រាកផ្លូវការ។

ជាមួយចរន្តភ្ញៀវទេសចរនេះ ក្រសួងទេសចរណ៍ បានបន្តណែនាំឱ្យមន្ទីរទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងវិស័យឯកជន បន្តពង្រឹងការអនុវត្តន៍វិធានសុវត្ថិភាព ទេសចរណ៍ និង SOP ឱ្យបានគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ពិសេសនាឱកាសចូលឆ្នាំប្រពៃណីចិននេះ៕

Facebook Notice for EU! You need to login to view and post FB Comments!