ដំណឹងស្វែងរក! ក្មេងស្រីអាយុ ​១៥ឆ្នាំ​ បាត់ខ្លួន​ពីផ្ទះ​រក​មិនទាន់ឃើញ​

អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ៣ ខែកុម្ភៈនេះ បានឱ្យដឹងថា ករណីបាត់ខ្លួនក្មេងស្រីម្នាក់ ឈ្មោះ ស បេឡាណាឌីការ អាយុ ១៥ ឆ្នាំ រយៈពេល ៣ ថ្ងៃមកហើយ នៅមិនទាន់រកឃើញ។

ក្មេងស្រីដែលបាត់ខ្លួន រស់នៅ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបាត់ខ្លួនចេញពីផ្ទះ នៅថ្ងៃទី ១ ខែកុម្ភៈ ដោយជិះម៉ូតូ ១គ្រឿង ម៉ាក Grand Filano Yamaha ពណ៌ក្រហម ផ្លាកលេខភ្នំពេញ 1GJ 6411 (016)។

សមត្ថកិច្ចទទួលបានព័ត៌មានពី ឪពុកកូនស្រី ដែលបាត់ឈ្មោះ តន់ ធីណា រស់នៅ​ស្ថិតនៅភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានទាក់ទងសុំអន្តរាគមន៍សមត្ថកិច្ច បន្ទាប់ពីបាត់ដំណឹងកូនស្រី ៣ ថ្ងៃ។

បច្ចុប្បន្នកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តការងារជំនាញ ដើម្បីស្វែងរកក្មេងស្រីដែលបានបាត់នោះ។

បើបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញក្មេងស្រីដូចភិនភាគដែលបានបង្ហាញនេះ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទទាន់ហេតុការណ៍ ១១៧ របស់ក្រុមការងារប្រចាំបញ្ជា អគ្គស្នងការដ្ឋាននគរបាលជាតិ ឬលេខទូរស័ព្ទរបស់អាណាព្យាបាលក្មេងស្រី តាមរយៈលេខទូរស័ព្ទ ០៨៦ ៥០៣ ០៤៥ ឬ ០៩៦ ៩០១ ៩០១២៕