«សុំទឹកមួយផ្តិល» លឺចង់គ្រប់ផ្ទះ ពេលនេះអ្នកមើលខ្ទង់លានដង ដែលបកស្រាយដោយ សួរ វិចិត្រ

(ភ្នំពេញ)៖ មិនមែនជាអ្នកចម្រៀងចំណុះឲ្យផលិតកម្មណាមួយ កាលពីពេលថ្មីៗកន្លងទៅនេះ លោកសួរ វិចិត្រ អ្នកចម្រៀងតាមរង្គសាល និងកម្មវិធីមង្គលការដ៏ល្បីឈ្មោះដោយសារទឹកដមសម្លេងដ៏ស្រទន់ បានសាងភាពភ្ញាក់ផ្អើលដល់ហ្វេនៗជាអ្នកនិយមគាំទ្រក្រោយបានបកស្រាយឡើងវិញនៅចម្រៀងមួយបទមានចំណងជើងថា សុំទឹកមួយផ្តិល រហូតធ្វើឲ្យមហាជនផ្ទុះការសរសើរគ្រប់គ្នាតែម្តង។

ជាក់ស្តែងមិនទាន់បានប៉ុន្មាន បទចម្រៀងសុំទឹកមួយផ្តិល ដែលជាការបកស្រាយឡើងវិញដោយលោកសួរ វិចិត្រ មានអ្នកចូលទស្សនានៅលើយូធូបដល់ទៅជិត៩លាននាក់ ដែលនេះជាចំនួនដ៏ច្រើន ខណ:ដែលមានអ្នកចូលទស្សនាជាច្រើននាក់ បានពោលពាក្យសរសើរថា តារាចម្រៀងពន្លកថ្មីរូបនេះ មានសម្លេងពិរោះមិនចាញ់តារាចម្រៀងល្បីៗលំដាប់ប្រទេសប៉ុន្មានទេ។

គួរបញ្ជាក់ផងដែរថា មួយរយ:ពេលចុងក្រោយនេះ កេរ្តិ៍ឈ្មោះរបស់លោក សួរ វិចិត្រ ហាក់ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនទូទៅ ក្រោយពេលដែលអ្នកចម្រៀងសម្លេងពិរោះរូបនេះលេចមុខនៅក្នុងកម្មវិធីប្រលងចម្រៀងដ៏ល្បីមួយ រហូតមានហ្វេនៗជាច្រើនតាមដានការប្រកួតរបស់លោកមិនដាច់៕