ខាន់ ជេមស៍ នៅតែចាត់ទុក ខេមរៈ សិរីមន្ត ជាមិត្តអចិន្ត្រៃយ៍ ទោះលែងនៅទ្រនំជាមួយគ្នាច្រើនឆ្នាំ

(ភ្នំពេញ)៖ តារាចម្រៀងពីររូប គឺ ខាន់ ជេមស៍ និង ខេមរៈ សិរីមន្ត ទោះបីជាបច្ចុប្បន្ន ត្រួវរួមរស់ក្រោមទ្រនំផលិតកម្មផ្សេងគ្នា និងប្រកបរបររកស៊ីផ្នែកអចលនៈទ្រព្យដូចគ្នាក៏ពិត មែន ប៉ុន្ដែមានមហាជនអ្នកគាំទ្រភាគតិចណាស់ ដែលបានដឹងពីទំនាក់ទំនងក្រៅសិល្បៈរបស់ពួកគេទាំងពីរ ។ ជាក់ស្ដែងថ្មីៗនេះ ខាន់ ជេមស៍ បានបង្ហោះរូបថតជាមួយ ខេមរៈសិរីមន្តមួយប៉ុស្ដិ៍ ព្រមជាមួយសំណេរ បង្ហាញចំណងមិត្តភាពដ៏រឹងមាំជាមួយកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។

ខាន់ ជេមស៍ បានទម្លាយរូបថតជិតស្និទ្ធជាមួយ ខេមរៈ សិរីមន្ត ហើយរៀបរាប់ថា «រូបថត ២ ឆ្នាំហើយភ្លេចផុស ជាមួយនឹងមិត្តសម្លាញ់ អចិន្ត្រៃយ៍របស់ខ្ញុំ» ។ តាមពាក្យពេចន៍របស់ ខាន់ ជេមស៍ ស្ដែងឱ្យឃើញថា អ្នកទាំងពីរមានចំណងមិត្តភាពជិតដិតនឹងគ្នាខ្លាំងមិនធម្មតានោះទេ ។ ទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះ ខេមរៈ សិរីមន្ត បានប្ដូរទ្រនំទៅជ្រកកោនក្នុងផលិតកម្មផ្សេងក៏ដោយ ក៏ពួកគេនៅតែមានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយគ្នាគួរឱ្យសរសើរ។

បើគេនៅចាំមិនភ្លេច ក្រោយផលិតកម្ម U2 ប្រកាសក្ស័យធននៅឆ្នាំ២០០៧ តារាចម្រៀង ខេមរៈ សិរីមន្ត បានទៅរួមរស់ក្នុងដំបូលផលិតកម្ម សាន់ដេ នៅចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦។ រូបគេបានសម្រេចចូលទៅផលិតកម្ម ហង្សមាននៅឆ្នាំ២០១៧ដល់បច្ចុប្បន្ន។ ចំណែកតារាចម្រៀង ខាន់ ជែមស៍ វិញ បានចូលជ្រកក្នុងផលិតកម្មសាន់ដេក្នុងអំឡុង ឆ្នាំ ២០១២ ពោលបន្ទាប់ពីផលិតកម្ម Rock បានប្រកាសផ្អាក និងនៅបន្តរហូតដល់បច្ចុប្បន្ន៕

Facebook Notice for EU! You need to login to view and post FB Comments!