ក្រុម BLACKPINK បង្កើតកំណត់ត្រាថ្មី ដោយសារវីដេអូរាំបទ «How You Like That» កើនឡើងរហូតដល់ ១ពាន់លាន View

(កូរ៉េ)៖ ជាមួយនឹងបទចម្រៀងជាច្រើនកន្លងមកនេះ ក្រុមតារាចម្រៀងស្រី BLACKPINK ដែលកំពុងរីកសាយកេរ្តិ៍ឈ្មោះទូទាំងពិភពលោក បានអង្រួនចិត្តអ្នកគាំទ្រជាមួយបទចម្រៀងជាច្រើនមិនថាចម្រៀងជាក្រុម ឬ ចម្រៀងទោលរបស់ពួកគេឡើយ។ ក្រៅពីមានទឹកដមសំឡេងពីរោះ ភាពស៊ីវីល័យ ដងខ្លួនសិចស៊ី និងសម្រស់ស្រស់ស្អាតហើយនោះ BLACKPINK ក៏ទទួលបានការគាំទ្រខ្លាំងលើក្បាច់រាំរបស់ពួកគេដែលធ្វើឱ្យយុវវ័យជាច្រើននាំគ្នារាំតាមផងដែរ។ ក្បាច់រាំនីមួយៗរបស់ក្រុមស្រីស្អាតទាំង៤ មានភាពទាក់ទាញ និងបានបំបែកក្បាច់រាំប្លែកៗហើយក៏ពិបាករាំតាមផងដែរ។

ទាំង Jisoo, Jennie, Rose និង Lisa សុទ្ធសឹងតែមានដងខ្លួនស្រឡូន កម្ពស់ខ្ពស់ស្រលះ បានព្រួតគ្នាចាយរាងពួកគេជាមួយក្បាច់រាំញាក់កន្ត្រាក់អារម្មណ៍ ធ្វើឱ្យការទស្សនាមានភាពជក់ចិត្តដិតអារម្មណ៍ទៅតាមចលនានៃបទចម្រៀង។ ដូចនេះមិនចម្លែកឡើយដែលក្រុម BLACKPINK បានក្លាយជាក្រុមចម្រៀងដំបូងគេលើពិភពលោកទទួលបានអ្នកចូលទស្សនាក្នុងយូធូបក្នុងបទចម្រៀង “HOW YOU LIKE THAT” រហូតដល់ជាង ១ពាន់លានដងឯណោះត្រឹមរយៈពេល១ឆ្នាំកន្លះ។

តួលេខហក់ឡើងខ្ពស់គួរឱ្យភ្ញាក់ផ្អើលមួយនេះបានធ្វើឱ្យអ្នកគាំទ្រ BLACKPINK នាំគ្នាចូលរួមអបអរសាទរដោយសង្ឃឹមថា អ្នកទាំង៤នឹងចេញមកអង្រួនឆាកសាជាថ្មីឆាប់ៗនេះក្រោយស្ងាត់បទចម្រៀងមួយរយៈពេលធំ៕

Facebook Notice for EU! You need to login to view and post FB Comments!