ជួយគាំទ្របេក្ខនារីខ្មែរ! ឌី បញ្ញាវិមាលា កំពុងត្រៀមខ្លួនទៅប្រកួតនៅលើឆាកអន្តរជាតិ នាពេលខាងមុខនេះ

(ភ្នំពេញ)៖ ក្រោយក្លាយជាម្ចាស់មកុដក្នុងកម្មវិធី បវរកញ្ញាយុវវ័យកម្ពុជា Miss Teen International Cambodia ២០២១ (MTIC) រួចមក កញ្ញា ឌី បញ្ញាវិមាលា កំពុងត្រៀមខ្លួនទៅប្រកួតនៅលើឆាកអន្តរជាតិ នាពេលខាងមុខនេះ ។

កញ្ញា ឌី បញ្ញាវិមាលា បានបង្ហាញចំណាប់អារម្មណ៍លើបណ្តាញសង្គមរបស់ខ្លួនថា «ជាកិត្តិយសដ៏ធំបំផុតដែលនាងខ្ញុំបានតំណាងអោយប្រទេសកម្ពុជាក៏ដូចជាតំណាងអោយយុវតីកម្ពុជា។ជាលើកដំបូងក្នុងការចូលរួមប្រកួតកម្មវិធីថ្នាក់ជាតិ ទៅចូលរួមប្រកួតកម្មវិធីបវរកញ្ញាយុវវ័យអន្តរជាតិ Miss Teen International ២០២១ នាពេលខាងមុខនេះ ដែលនាងខ្ញុំនឹងនាំយកប្រទេសកម្ពុជា ទង់ជាតិរបស់កម្ពុជា វប្បធម៌និងអរិយ្យធម៌ដ៏ស្រស់ផូរផង់របស់កម្ពុជាយើងទៅបង្ហាញនៅលើឆាកអន្តរជាតិ។ នាងខ្ញុំស្រឡាញ់ប្រទេសកម្ពុជានិងប្រជាជនកម្ពុជា»។

សូមបញ្ជាក់ថា បវរកញ្ញាយុវវ័យកម្ពុជា MTIC២០២១ កញ្ញា ឌី បញ្ញាវិមាលា សព្វថ្ងៃជាសិស្សថ្នាក់ទី៩នៃសាលាប៊ែលធីអន្តរជាតិសាខាស្ទឹងមានជ័យ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។ ក្រោយក្លាយជាម្ចាស់មកុដក្នុងកម្មវិធី បវរកញ្ញាយុវវ័យ MTIC ២០២១ រួចមក នាងត្រូវចេញទៅប្រកួតនៅលើឆាកអន្តរជាតិនៅឯប្រទេស ហ្វីលីពីន នាអំឡុងខែមេសាខាងមុខ។ នាងកំពុងត្រៀមលក្ខណៈទាំងការដើរម៉ូដ ភាសា និងចំណេះដឹងទូទៅផ្សេងទៀត ដើម្បីកសាងទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯង មិនឲ្យអ្នកគាំទ្រខកបំណងឡើយ។

គួរបញ្ជាក់ថា កម្មវិធីប្រឡងបវរកញ្ញាយុវវ័យកម្ពុជា Miss Teen International Cambodia ២០២១ (MTIC) គឺជាកម្មវិធីដំបូងគេបង្អស់នៅកម្ពុជា បានរកឃើញម្ចាស់មកុដដល់ទៅ២រូប ក្នុងចំណោមបេក្ខនារី២៤រូប ក្នុងនោះបេក្ខនារី ឌី បញ្ញាវិមាលា ក្លាយជាម្ខាស់មកុដ MTIC ២០២១ និងត្រៀមចេញទៅប្រកួតលើឆាកអន្តរជាតិ ៕