បុគ្គលិក​អង្គការ​អប់រំ​ផ្លូវចិត្ត​ម្នាក់ ត្រូវ​បាន​ជនល្មើស​កាប់​នឹង​ពូថៅ​ស្លាប់ នៅនឹងកន្លែង

បាត់ដំបង ៖ បុគ្គលិក​អង្គការ​អប់រំ​ផ្លូវចិត្ត​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង ខណៈ​ដែល​កំពុង​ចុះ​ធ្វើការ​នៅតាម​ភូមិ ហើយ​ត្រូវ​ជនល្មើស​ម្នាក់​ដែល​មាន​ចិត្តចង្អៀត​ចង្អល់​ទាញ​ពូថៅ​កាប់​ឡើង​សុសសាច់​។

 

ករណី​ឃាតកម្ម​គិតទុក​ជាមុន​នេះ បាន​កើត​ឡើង​នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង​១១ និង ៣០​នាទី នៅ​ចំណុច​ក្រុម​១៩ ភូមិ​អូរ​ស្រឡៅ ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ មាស ហុក ភេទ​ប្រុស អាយុ​៤៨ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ បានធ្វើ​សកម្មភាព​យក​ពូថៅ កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ឡៅ លុន ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ​មាន​ទីលំនៅ​ក្រុម​០៥ ភូមិ​បែក​ចាន​ថ្មី​សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

 

តាម​ប្រភព​ព័ត៌មាន​មួយ​បាន​បញ្ជាក់ថា កន្លងមក​ជនរងគ្រោះ ដែលជា​បុគ្គលិក​អង្គការ TPO ​ជា​អង្គ​ការអប់រំ​ផ្លូវចិត្ត បាន​ចុះទៅ​កាន់​ផ្ទះ​ជនល្មើស​២​លើក​រួចមកហើយ ក្នុង​គោលបំណង​ធ្វើការ​អប់រំ ដោយសារតែ​គ្រួសារ​នេះ​មានការ​ចង្អៀតចង្អល់ ( មនុស្ស​ឆ្វេង ) មិនអោយ​កូនស្រី​បាន​ទៅ​សាលារៀន​ដូច​ក្មេង​ដទៃ​។

ប្រភព​ដដែល​បាន​បន្ត​ថា ​បើ​ទោះបី​ជា​បុគ្គលិក​អង្គការ​ខំ​ពន្យល់ ណែនាំ និង​ព្យាយាម​អប់រំ​ផ្លូវចិត្ត​យ៉ាងណាក៏ដោយ​ក៏​ជន​នេះ​នៅតែ​មានះ​មិន​ព្រមស្តាប់​ដែរ​។ លុះ​នៅ​ថ្ងៃ​កើតហេតុ ជនរងគ្រោះ​បាន​ចូលទៅ​ម្តងទៀត ប៉ុន្តែ​ត្រូវ​បាន​ជនល្មើស​ទាញ​ពូថៅ​កាប់​លើ​រាងកាយ​ពេញ​ខ្លួន​រហូត​ស្លាប់​នៅ​នឹង​កន្លែង ដោយ​ជនរងគ្រោះ រងរបួស​ត្រង់ ស្មងជើង​ខាងស្តាំ ១ កន្លែង សៀតផ្កា​ខាងស្តាំ ១ កន្លែង ចង្កា ១ កន្លែង ក​.១ កន្លែង លើ​ស្មា​ខាងស្ដាំ ២ កន្លែង ថ្ពាល់​ខាងឆ្វេង ១ កន្លែង និង ក្បាល​ពីក្រោយ​ចំហៀង​ខាងស្ដាំ ១ កន្លែង។

ក្រោយពេល​ទទួល​ពាក្យបណ្ដឹង​រួច​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​បាន​ធ្វើ​ការបង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ ហើយ​យក​មក​សាកសួរ​តែម្តង​ដោយ​ករណីនេះ​កំលាំង​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​តាម​នីតិវិធី​ច្បាប់៕

Facebook Notice for EU! You need to login to view and post FB Comments!