ម៉ូតូពីរគ្រឿងបុកគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ ៖ យុវជន២នាក់បានបាត់បង់ជីវិត នៅកន្លែងកើតហេតុភ្លាមៗ ចំណែកឯនារីម្នាក់ទៀត បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿនបញ្រ្ចាសទិស ជ្រុលទៅបុ.កគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យដួលខ្ទាតពេញផ្លូវ ស្របពេលរថយន្តមិនចាំម៉ាក មកពីក្រោយកិនពីលើ ហើយបើកគេច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវថៃហ្គ័រ ជិតស្ថានីយ៍ទូរទស្សន៍ហង្សមាស ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សពយុវជន២នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

យោងតាមការបញ្ជាក់ពីពលរដ្ឋឃើញហេតុការណ៍មួយនេះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញយុវជនម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1IZ-4744 ជិះឌុបនារីម្នាក់ពីក្រោយ ធ្វើដំណើរតាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញមានយុវជន២នាក់ទៀត ជិះម៉ូតូម៉ាកហុងដាប៊ិត ពណ៌ខ្មៅពាក់ផ្លាកលេខ កំពង់ស្ពឺ1S-4827 ជិះឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវថៃហ្គ័រ បញ្រ្ចាសគ្នាពីត្បូងទៅជើងក្នុងល្បឿនលឿន បានជ្រុលទៅបុកជាមួយម៉ូតូឌ្រីសង់ចំពីមុខ យ៉ាងពេញទំហឹង បណ្តាលឲ្យដួលខ្ទាតទៅកណ្តាលផ្លូវ ស្របពេលរថយន្តមិនចាំម៉ាក ធ្វើដំណើរពីក្រោយរួចកិ.នពីលើ បណ្តាលឲ្យយុវជន២នាក់បានស្លា.ប់ភ្លាមៗ ចំណែកឯនារីម្នាក់ គ្រាន់តែរងរបួសធ្ងន់ ត្រូវបានមិត្តភក្តិដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ពិនិត្យ និងវាស់វែងយកម៉ូតូពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំដោះស្រាយនៅពេលក្រោយ៕