សារភាពស្នេហ៍! ខឹងគេមិនស្រលាញ់ បាញ់សម្លាប់​ចោល រួច​សម្លាប់​ខ្លួនឯង

កំពង់ធំ ៖ បុរស​ជា​កូន​ជាង​ជួសជុល​ម៉ូតូ​ម្នាក់ បាន​បាញ់សម្លាប់​កូន​ស្រី​មេ​ជាង​ ដោយសារ​មិន​ព្រម​ស្រលាញ់​ខ្លួន​ រួច​បាញ់​សម្លាប់​ខ្លួន​តាម​ក្រោយ។

 

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង ​នៅវេលាម៉ោងប្រមាណ​១២ និង៣០នាទីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ នៅចំណូច​ផ្ទះជួលជុល​ម៉ូតូ​មួយកន្លែង ស្ថិតនៅ​ក្នុង​ភូមិ​ត្រពាំង​ចំបក់​ ឃុំ​ត្រពាំង​ឫស្សី​ ស្រុក​កំពង់​ស្វាយ​ ខេត្តកំពង់ធំ។

បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ គង់ គឹមហ័ន អាយុ​៣១​ឆ្នាំ រស់នៅ ភូមិ / ឃុំ កើតហេតុ ខាងលើ ( ស្លាប់​នៅ​កន្លែង​កើតហេតុ បាញ់​ត្រូវ​គល់​ក ខាងឆ្វេង​១គ្រាប់ )។ ចំណែក ជន​បង្ក ឈ្មោះ​សុខ សូយ៉ន ហៅឌី រស់នៅ​ភូមិ​តស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ( បាញ់​សម្លាប់​ខ្លួនឯង បែក​លលាដ៍ក្បាល បន្ទាប់​ពី​បាញ់​សម្លាប់ ភាគី​ខាង​ស្រី​រួច​)។

សមត្ថកិច្ច​បាន​បន្តទៀត​ថា យោង​តាម​សាក្សី​ជា​សាច់ញាតិ​របស់​ជនរងគ្រោះ បាន​ប្រាប់ឲ្យ​ដឹងថា មុន កើតហេតុ ជន​បង្ក បាន​មក​សុំ​រៀន​ធ្វើ​ជាង​ជួសជុល ម៉ូតូ​រយៈពេល​១​ឆ្នាំហើយ​ ប៉ុន្តែ រយៈពេល​៣ខែ ចុង​ក្រោយនេះ ជន​បង្ក​បាន​លួច​ស្រឡាញ់​ជន​រងគ្រោះ ដែល​ត្រូវជា​កូនស្រី​របស់​មេជាង ប៉ុន្តែ​ភាគី ខាងស្រីមិនស្រឡាញ់។ លុះ​ថ្ងៃ​ទី២ ខែមីនា ឆ្នាំ២០២២ ជន​បង្ក​បាន​ទៅលេង ផ្ទះ​ខ្លួន​នៅ​ឯ ខេត្តព្រះវិហារ ដេក ១ យប់ ហើយក៏ បាន ត្រឡប់មកវិញ រហូតដល់ ថ្ងៃ​កើតហេតុ ទើប​ជន​បង្ក យក កាំភ្លើង​កែច្នៃ​បាញ់​សម្លាប់ ជនរងគ្រោះ រួច​សម្លាប់​ខ្លួនឯង​តែម្ដង។

យោង​តាម​កំណត់ហេតុ និង សាក្សី​ខាងលើ សមត្ថកិច្ច​បានសន្និដ្ឋាន​ជា​បឋម​ថា ជន​បង្កស្រឡាញ់ ជនរងគ្រោះ ប៉ុន្តែ​ជនរងគ្រោះ មិន​ព្រម​ស្រឡាញ់ ទើប​បណ្ដាល​ឲ្យ​កើត​ករណី ឃាតកម្ម នេះ តែម្តង។ វត្ថុ​តាង​ពាក់ព័ន្ធ នឹង ករណី​ឃាតកម្ម​នេះ​មាន​អាវុធ​ខ្លី កែច្នៃ​ចំនួន​ពីរ​ដើម នៅ​កន្លែង​កើតហេតុ៕

 

Facebook Notice for EU! You need to login to view and post FB Comments!