គុណវិបត្តិទាំង៣ នៃការបោះតង់កម្សាន្ត

(សុខភាព)៖ ការបោះតង់គឺជារឿងដែលសប្បាយ និងរំភើប សម្រាប់មនុស្សភាគច្រើនជាពិសេសយុវវ័យ ពីព្រោះវាជាឱកាសដែលពួកគេបានទៅលំហែកាយ និងបន្ធូរអារម្មណ៍តានតឹងចេញ ហើយជាពិសេស វាក៏ផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ វាក៏មានគុណវិបត្តិនិងហានិភ័យខ្លះដែរ។ ដូច្នេះតើមានបញ្ហាអ្វីខ្លះដែលយើងត្រូវប្រឈមនៅពេលទៅបោះតង់?

១៖ បញ្ហាដែលយើងត្រូវប្រឈមគឺអាកាសធាតុ។ អាកាសធាតុអាចផ្លាស់ប្តូរគ្រប់ពេលវេលា ហើយវាអាចធ្វើឲ្យប៉ះពាល់ទៅដល់ការធ្វើដំណើររបស់យើង ដូច្នេះហើយយើងត្រូវតែត្រៀម និងប្រុងប្រយ័ត្នឲ្យបានជាមុន ពីព្រោះនៅពេលដែលយើងទៅបោះតង់ យើងត្រូវដើរកាត់ភ្នំ ឬព្រៃ បោះជំរុំ គេងក្នុងតង់ ជួបភ្លៀងផ្គរ ឬរន្ទះជាដើម។ ជាពិសេសវាធ្វើឲ្យយើងពិបាកក្នុងការចម្អិនអាហារ។

២៖ គឺត្រូវប្រឈមនឹងសត្វកាចសាហាវ ឬសត្វល្អិត។ ជាការពិតនៅពេលដែលយើងដើរព្រៃ វាប្រាកដណាស់ថាយើងនឹងត្រូវជួបពពួកសត្វដែលកាចសាហាវមានពិស ឬសត្វល្អិតដែលរំខានដល់ដំណេករបស់យើង។ ដូច្នេះយើងត្រូវតែត្រៀមឲ្យបានខ្ពស់ និងគ្រប់គ្រាន់មុនពេលចេញដំណើរ ដូចជាយកប្រដាប់ការពារសត្វល្អិតឬឧបករណ៍ណាដែលអាចការពារខ្លួនអ្នកពីពួកសត្វទាំងនោះបាន។

៣៖ បញ្ហាទីបី គឺការប្រឈមនឹងតម្លៃនៃការបោះជំរុំ។ ការបោះជំរុំអាចមានតម្លៃថ្លៃណាស់ ប្រសិនបើយើងមិនមានឧបករណ៍ផ្ទាល់ខ្លួនគ្រប់គ្រាន់ ឬក៏ថាយើងមានតម្រូវការខ្លាំងពេក វាច្បាស់ណាស់ថា យើងត្រូវចំណាយច្រើន។ ឧទាហរណ៍៖ ប្រសិនបើធ្វើដំណើរដោយកង់ ឬម៉ូតូ យើងនឹងចំណាយតិច តែបើយើងធ្វើដំណើរតាមរថយន្ត នោះតម្លៃរបស់វាប្រាកដជាថ្លៃ។

សរុបសេចក្តីមក ការបោះតង់គឺជារឿងសប្បាយនិងល្អសម្រាប់សុខភាព តែវាក៏មានគុណវិបត្តិមួយចំនួនដែរ ដូចជាការប្រឈមនឹងអាកាសធាតុ សត្វកាចសាហាវ ឬសត្វល្អិច និងតម្លៃនៃការបោះតង់។ ដូច្នេះអ្វីដែលសំខាន់ដែលយើងត្រូវធ្វើក្នុងការទៅបោះតង់គឹ ត្រូវត្រៀមខ្លួនឲ្យបានមុននិងឲ្យបានល្អ៕