មកដឹងពី ហានិភ័យមួយចំនួន នៃការបរិភោគអយស្ទ័រឆៅ និងលៀសសមុទ្រឆៅ

(សុខភាព)៖ សព្វថ្ងៃទំនោរនៃការបរិភោគអាហារសមុទ្រមានការពេញនិយមជាខ្លាំង ជាពិសេសនៅក្នុងប្រទេសកម្ពុជាយើង។ នៅក្នុងការបរិភោគអ្នកខ្លះបានចម្អិនវាឆ្អិនហើយអ្នកខ្លះវិញមិនបានចម្អិនទេ តែពួកគេពេញចិត្តការបរិភោគទាំងនៅឆៅ ឬការចម្អិនឲ្យឆ្អិនតិចៗវិញ។ ទាំងអស់នេះឯងគឺជាហានិភ័យ ដែលអាចបង្កឲ្យអ្នកបរិភោគទាំងនោះត្រូវប្រឈមនឹងបាក់តេរី ប៉ារ៉ាសិត ឬ វីរុសដែលមាននៅក្នុងសត្វសមុទ្រទាំងនោះ ហើយដែលអាចបណ្តាលឲ្យពួកគេឈឺកើតជំងឺ ឬក៏អាចស្លាប់ក៏ថាបាន។

ដូច្នេះនៅក្នុងអត្ថបទសុខភាពថ្ងៃនេះ Admin នឹងនិយាយអំពីហានិភ័យនៃការបរិភោគអយស្ទ័រ ឬលាសសមុទ្រឆៅ? ហើយថាតើអ្នកណាខ្លះដែលត្រូវរងគ្រោះខ្លាំងជាងគេ?

ហានិភ័យចំពោះសុខភាពដែលបណ្តាលមកពី ការបរិភោគអយស្ទ័រ ឬលាសសមុទ្រឆៅ មានដូចជាភាពងាយក្នុងការឆ្លងមេរោគ វីព្រីយ៉ូ ណូរ៉ូ វាយរឹស និងជំងឺរលាកថ្លើមប្រភេទ អេ។ មេរោគ វីព្រីយ៉ូ អាចបណ្តាលឲ្យមានកន្ទួលលើស្បែក និងពងបែក ញាក់ញ័រ និងគ្រុនក្តៅខ្លាំង ហើយមេរោគ ណូរ៉ូវាយរឹស អាចបណ្តាលឲ្យមានការក្អួតចង្អោរ និងរាគរូស។ ចំណែកឯ ជំងឺរលាកថ្លើមប្រភេទ អេ អាចបណ្តាលឲ្យស្បែកមានព័ណលឿងឬភ្នែកព័ណស ហើយមេរោគមួយចំនួនទៀតអាចបណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរ ហើយត្រូវការព្យាបាលភ្លាមៗ។

ចំណុចមួយទៀតអ្នកដែលត្រូវប្រឈមគ្រោះថ្នាក់ខ្លាំងពីការបរិភោគអយស្ទ័រ ឬលាសសមុទ្រឆៅមានដូចជា អ្នកកើតជំងឺថ្លើម អ្នកដែលទទួលទានជាតិអាល់កុលច្រើនពេក អ្នកដែលមានជំងឺទឹកនោមផ្អែម អ្នកដែលមានជំងឺអេដស៍ អ្នកដែលមានជំងឺក្រពះពោះវៀនរ៉ាំរ៉ៃ និងអ្នកដែលមានជំងឺមហារីក។
សរុបសេចក្តីមក ការបរិភោគអយស្ទ័រ និងលាសសមុទ្រឆៅគឺមានគ្រោះថ្នាក់ និងហានិភ័យខ្លាំងសម្រាប់សុខភាពជាពិសេសសម្រាប់អ្នក ដែលមានជំងឺធ្ងន់ធ្ងរ និងរំារ៉ៃ ដូច្នេះដើម្បីបញ្ចៀសពីបញ្ហាទាំងអស់នេះ យើងត្រូវតែចម្អិនវាឲ្យបានឆ្អិនល្អសិនចាំបរិភោគ៕