ទំនាក់ទំនងរបស់នាង នឹងកាន់តែប្រសើរ បើអនុវត្តវិធីទាំង ៧យ៉ាងនេះ

ចំណេះដឹង៖ មិនថាអ្នកមានទំនាក់ទំនងស្នេហាឬក៏អត់ យូរឬក៏ឆាប់ ល្អឬមិនល្អនោះទេ ការស្វែងយល់ពីការរក្សាទំនាក់ទំនងឲ្យកាន់តែប្រសើរឡើង គឺជារឿងល្អ។ ជាការពិតណាស់ មនុស្សភាគច្រើនតែងតែជួបប្រទះនឹងបញ្ហានៃការមិនចុះសម្រុងគ្នាក្នុងជីវិតដៃគូស្នេហា ហើយពួកគេតែងតែពិបាកក្នុងការស្វែងរកវិធីសាស្ត្រដោះស្រាយវា ហើយរហូតដល់ចុងក្រោយអ្នកខ្លះក៏សម្រេចចិត្តចាកចេញពីគ្នា។ ដូច្នេះការរក្សាទំនាក់ទំនងស្នេហាឲ្យនៅគង់វង់ឋិតឋេរបានយូរ និងស្រស់បំព្រង វាមិនមែនជារឿងងាយស្រួលទេ តែវាក៏មិនពិបាកណាស់ណាដែរ បើយើងដឹងពីរបៀបធ្វើ។ អញ្ចឹងដើម្បីឲ្យដឹងថា តើ វាមានប្រយោជន៍ឬក៏អត់។ តោះ! សាកល្បងប្រាំពីរវិធីខាងក្រោមទាំងអស់គ្នា!

១៖ ការទុកពេលវេលាឲ្យគ្នា៖ មនុស្សគ្រប់រូបសុទ្ធតែត្រូវការពេលវេលាផ្ទាល់ខ្លួន ដើម្បីធ្វើអ្វីមួយដែលពួកគេពេញចិត្ត ហើយការដែលជួបជុំគ្នារហូត គឺមិនមែនសុទ្ធតែជារឿងល្អ សម្រាប់រឿងស្នេហានោះទេ។

២៖ ទៅគេងក្នុងពេលតែមួយ៖ ការចូលគេងដំណាលគ្នា គឺជាដំណោះស្រាយដ៏ល្អមួយ ដែលអាចជួយរក្សាលំនឹងនៃទំនាក់ទំនងស្នេហារវាងអ្នកនិងដៃគូរបស់អ្នក។ ដោយយោងទៅតាម លោក គ្រីស ប្រ៊ែនត្នឺ (Chris Brantner) ដែលជាគ្រូបង្វឹកវិទ្យាសាស្រ្តនៃការគេង បានឲ្យដឹងថា ៧៥% នៃដៃគូស្នេហ៍ដែលមិនបានចូលគេងនៅក្នុងពេលតែមួយជាមួយគ្នា ពួកគេអាចប្រឈមនឹងហានិភ័យនៃការឈ្លោះគ្នាកាន់តែច្រើន ហើយសុខភាពផ្លូវភេទក៏មិនល្អ។

៣៖ ចែករំលែកសុខទុក្ខជាមួយគ្នា៖ មនុស្សយើងម្នាក់ៗគឺសុទ្ធតែមានសុខទុក្ខដូចគ្នា ក៏ប៉ុន្តែគ្រាន់តែអ្នកខ្លះមានតិច ឬច្រើនតែប៉ុណ្ណឹងឯង។ តែសម្រាប់គូរជីវិតស្នេហាវិញ បើសិនជាជួបបញ្ហា ហើយមានអ្នកចាំក្បែរ ជួយផ្តល់កម្លាំងចិត្ត និងដំណោះស្រាយ នោះគឺពិតជាពិសេស ហើយទំនាក់ទំនងស្នេហាក៏ប្រព្រឹត្តិទៅរលូនតាមហ្នឹងដែរ។

៤៖ បង្កើតបទពិសោធន៍បែបប្រលោមលោក៖ វាគឺជាការធ្វើឲ្យភ្ញាក់ផ្អើលដល់ដៃគូរបស់អ្នកតាមរយៈការបង្កើត កម្មវិធី ព្រឹត្តិការណ៍ ឬការដើរកំសាន្តបែបភ្ញាក់ផ្អើលដោយមិនបានប្រាប់ដៃគូររបស់អ្នកឲ្យដឹងជាមុន។

៥៖ បង្កើតភាពភ្ញាក់ផ្អើលជាមួយនឹងរឿងតូចតាច៖ ជួនកាលវាជារឿងតូចតាចតែមានប្រយោជន៍ ហើយអាចជួយពង្រឹងទំនាក់ទំនងរបស់អ្នកឲ្យកាន់តែប្រសើរថែមទៀត។ តាមការស្រាវជ្រាវបានឲ្យដឹងថា ការចេះជួយគ្នា មិនប្រកាន់គ្នានឹងរឿងតូចតាច ការគោរពគ្នា មិនកំណាញ់ដាក់គ្នា ចេះទិញរបស់ឲ្យគ្នា និងធ្វើអំពើសប្បុរសជាមួយគ្នាបានច្រើន វាអាចជួយឲ្យសុខភាពស្នេហារបស់អ្នកកាន់តែល្អ។

៦៖ ប្រយុទ្ធឲ្យកាន់តែប្រសើរ ៖ ជាការពិតនៅពេលមានជម្លោះ មនុស្សយើងម្នាក់ៗតែងតែព្យាយាមចង់ឈ្នះ ហើយប្រើពាក្យមិនសមរម្យដាក់គ្នា ដូច្នេះក្នុងនាមជាអ្នកប្រយុទ្ធដ៏ប្រសើរ អ្នកត្រូវ ចេះប្រើភាសាឲ្យបានសមរម្យជាមួយដៃគូររបស់អ្នក ត្រូវចេះទទួលខុសត្រូវ កែតម្រូវនូវអ្វីដែលអ្នកបាននិយាយ និង ផ្តោតលើចំណុចវិជ្ជមាន។
៧៖ ចែករំលែករឿងរ៉ាវស្នេហា៖ ជួនកាល ការនិយាយរៀបរាប់សារឡើងវិញនូវបទពិសោធន៍ និងអនុស្សាវរីយ៍ដែលអ្នកនិងដៃគូររបស់អ្នកធ្លាប់សាងរួមគ្នា ឬការស្រលាញ់គ្នាដំបូងរបស់អ្នកទាំងពីរជាដើម ក៏ជាកត្តាពិសេសមួយដែលជួយពង្រឹងនូវទំនាក់ទំនងរបស់អ្នកទាំងពីរបានល្អផងដែរ។

សរុបសេចក្តីមក ប្រាំពីរចំណុចដែលបាននិយាយរៀបរាប់ខាងលើនេះ គឺជាគន្លឹះសំខាន់ខ្លះៗសម្រាប់ការរក្សាទំនាក់ទំនងរវាងអ្នក និងដៃគូររបស់អ្នកឲ្យកាន់តែល្អប្រសើរឡើង៕