សពឪពុកម្តាយ របស់ សុវត្ថិឌី ធារិកា នឹងបូជានៅថ្ងៃស្អែកហើយ!

0
47

(ភ្នំពេញ)៖ បើតាម សុវត្ថិឌី ធារិកា សពប៉ា និងម៉ាក់របស់កញ្ញា នឹងត្រូវបូជានៅម៉ោង ៤រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅវត្ដសង្ក្រាន្ដតាព្រហ្មស្ទឹងមានជ័យតែម្ដង។ នៅពេលបូជា កញ្ញាថានឹងមានបងប្អូន និងញាតិមិត្ដមកចូលរួមច្រើនមិនខានឡើយ ព្រោះពេលសពដឹកមកដល់ភ្នំពេញភ្លាមមានញាតិមិត្ដ ព្រមទាំងសិល្បៈករអញ្ជើញមកជួយចាត់ចែង និងរំលែកទុក្ខយ៉ាងច្រើន។

បច្ចុប្បន្ននេះ សព កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្ដសង្ក្រានតាព្រហ្មស្ទឹងមានជ័យ ដោយព្រឹកនេះគេឃើញមានវត្ដមានបងប្អូន និងសាច់ញាតិរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ជាច្រើនបានចូលរួមអុចធូបទន្ទឹសកុសលជូនអ្នកស្លាប់ និងរំលែកក្ដីទុក្ខរបស់តារាចម្រៀងស្រីវ័យក្មេងរូបនេះ។ សពប៉ា និងម៉ាក់របស់តារាចម្រៀង សុវត្ថិឌី ធារិកា បានដឹកមកដល់វត្ដសង្ក្រាន្ដតាព្រហ្មស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅម៉ោងប្រហែល១០យប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ក្រឡាប់ឡានចូលទឹកប្រឡាយនាស្រុកឆែប ខេត្ដព្រះវិហារកាលពីរសៀលថ្ងៃដដែលនោះ។