You are currently viewing លោក ពូទីន កំពុងរំពឹងថាសហភាពអឺរ៉ុប នឹងបែកបាក់សាមគ្គី, នេះបើតាមប្រមុខការទូតអឺរ៉ុប

លោក ពូទីន កំពុងរំពឹងថាសហភាពអឺរ៉ុប នឹងបែកបាក់សាមគ្គី, នេះបើតាមប្រមុខការទូតអឺរ៉ុប

(ព្រុចសែល)៖ ប្រមុខគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក ចូសេព បូរែល (Josep Borrell) បាននិយាយនៅថ្ងៃអង្គារ សប្តាហ៍នេះថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងរំពឹងទុកថាសាមគ្គីភាពរបស់សហភាពអឺរ៉ុប នឹងមានការប្រេះស្រាំនៅពេលដែលតម្លៃទំនិញ ឡើងថ្លៃគ្រប់មុខ ដែលនឹងជះផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់អឺរ៉ុប ដោយសារតែការជួយដល់អ៊ុយក្រែន ដើម្បីឆ្លើយតបនឹង ការឈ្លានពានរបស់រុស្ស៉ី។

នៅក្នុងបទសម្ភាសន៍ជាមួយ AFP លោក បូរែល បានគូសបញ្ជាក់ថា «លោក ពូទីន អាចយល់ឃើញថាប្រជាជនអឺរ៉ុបមានភាពនឿយហត់ និងស្ទាក់ស្ទើរ ក្នុងការទទួលផលវិបាក ដែលកើតចេញពីការគាំទ្រសម្រាប់អ៊ុយក្រែន។ ដូច្នេះយើងត្រូវតែស៊ូទ្រាំទប់ទល់នឹងបញ្ហាដែលកើតមានក្នុងតំបន់អឺរ៉ុប»។ លោក បូរែល ក៏បានព្រមានដែរថា ការរក្សាបាននូវសាមគ្គីភាពក្នុងចំណោមប្រទេសជាសមាជិកទាំង២៧ គឺជាកិច្ចការដែលត្រូវអនុវត្ត «ពីមួយថ្ងៃទៅមួយថ្ងៃ» ដ្បិត សហភាពអឺរ៉ុប គឺជាសមាគមនៃរដ្ឋដែលមានវិធីសាស្រ្តផ្សេងគ្នា ដើម្បីទល់នឹងរុស្ស៊ីឡើយ។

ប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែលភាគច្រើនជាសម្ព័ន្ធមិត្តរបស់អង្គការណាតូ បានយល់ព្រមលើកញ្ចប់ទណ្ឌកម្មជាបន្តបន្ទាប់ដែល ផ្តោតលើរង្វង់ផ្ទៃក្នុង និងវិស័យសេដ្ឋកិច្ចរបស់រុស្ស៉ី រួមទាំងការនាំចេញប្រេងសំខាន់ៗផងដែរ។ ប៉ុន្តែឥឡូវនេះ តម្លៃថាមពល និងអតិផរណា កំពុងកើនឡើង ហើយប្រទេសជាសមាជិកមួយចំនួន រួមទាំងប្រទេសមហាអំណាចសេដ្ឋកិច្ចអាល្លឺម៉ង់ កំពុងប្រឈមមុខនឹងហានិភ័យនៃវិបត្តិសេដ្ឋកិច្ច៕

AFP